ជំពូកទី ២២

ការជឿលើព្រះជាម្ចាស់មិនមែនជារឿងងាយស្រួលធ្វើឡើយ។ អ្នកបន្តជឿទាំងគ្មានគោលដៅច្បាស់លាស់ បរិភោគគ្រប់យ៉ាង ហើយគិតថា វាគួរឱ្យចាប់អារម្មណ៍ណាស់ មានឱជារសណាស់! មានអ្នកខ្លះនៅតែទះដៃសាទរទៀត។ ពួកគេគ្មានការដឹងខុសត្រូវក្នុងវិញ្ញាណរបស់គេឡើយ។ នេះគឺជាបទពិសោធមួយដែលសមឱ្យអ្នករាល់គ្នាយកមកវិភាគឱ្យបានល្អិតល្អន់។ នៅគ្រាចុងក្រោយ វិញ្ញាណគ្រប់ប្រភេទ នឹងលេចចេញមកបំពេញតាមតួនាទីរៀងខ្លួន ដោយប្រឆាំងទាស់នឹងការរីកចម្រើននៃបុត្រធីតារបស់ព្រះជាម្ចាស់ និងចូលរួមក្នុងការបំផ្លាញការបង្កើតក្រុមជុំនុំ។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់នឹងរឿងនេះ ហើយផ្តល់ឱកាសដល់សាតាំងធ្វើកិច្ចការ នោះវានឹងធ្វើឱ្យក្រុមជំនុំមានភាពរញ៉េរញ៉ៃ មនុស្សនឹងភ័យស្លន់ស្លោ និងមានអារម្មណ៍អស់សង្ឃឹម ហើយក្នុងករណីធ្ងន់ធ្ងរ និមិត្តរបស់មនុស្សនឹងរលាយបាត់។ ដូច្នេះ តម្លៃនៃការស៊ូទ្រាំលំបាកដែលខ្ញុំបានលះបង់ជាច្រើនឆ្នាំមកនេះ នឹងទៅជាអសារឥតការមិនខាន។

ពេលដែលក្រុមជុំនុំត្រូវបានបង្កើតឡើង ក៏ជាពេលដែលសាតាំងឈានដល់ទីកំពូលនៃការវង្វេងស្មារតីដែរ។ ជារឿយៗ សាតាំងបង្កការរំខាន និងការបង្អាក់តាមរយៈមនុស្សពីរបីនាក់ ហើយគឺអ្នកដែលមិនស្គាល់វិញ្ញាណ និងអ្នកដែលជឿថ្មីនេះហើយ ដែលអាចដើរតួនាទីរបស់សាតាំងបានយ៉ាងងាយបំផុត។ ជារឿយៗ ដោយសារតែមនុស្សមិនយល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ពួកគេធ្វើអ្វីតាមអំពើចិត្ត ផ្អែកតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ តាមរបៀបធ្វើការរបស់ពួកគេ និងតាមសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេទាំងស្រុង។ ចូរទប់អណ្តាតរបស់អ្នកកុំចេញស្ដី។ នេះគឺដើម្បីជាការការពារខ្លួនអ្នកផ្ទាល់ទេ។ ចូរស្តាប់ហើយស្ដាប់បង្គាប់ឱ្យបានល្អ។ ក្រុមជុំនុំគឺខុសពីសង្គម។ អ្នកមិនអាចនិយាយអ្វីតាមចិត្តអ្នកចង់ទេ។ អ្នកមិនអាចនិយាយតាមគំនិតអ្នកបានទេ។ នៅទីនេះ អ្នកមិនអាចធ្វើបែបនេះបានឡើយ ព្រោះនេះគឺជាដំណាក់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនទទួលយករបៀបធ្វើការរបស់មនុស្សឡើយ។ អ្នកត្រូវតែធ្វើអ្វីៗដោយអនុវត្តតាមព្រះវិញ្ញាណ អ្នកត្រូវតែរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មក អ្នកដទៃនឹងកោតសរសើរដល់អ្នក។ ដំបូងអ្នកត្រូវតែដោះស្រាយរាល់ការលំបាកទាំងអស់នៅក្នុងខ្លួនអ្នកសិន ដោយពឹងលើព្រះជាម្ចាស់។ ត្រូវបញ្ចប់និស្ស័យអន់ថយរបស់អ្នក និងអាចយល់ពីស្ថានភាពពិតផ្ទាល់ខ្លួនអ្នក និងដឹងពីរបៀបដែលអ្នកគួរប្រព្រឹត្ត។ ត្រូវបន្តប្រកបគ្នាពីអ្វីដែលអ្នកមិនយល់។ ការដែលមនុស្សម្នាក់មិនស្គាល់ខ្លួនឯង គឺជារឿងមិនអាចទទួលយកបានទេ។ ត្រូវព្យាបាលជំងឺរបស់អ្នកជាមុនសិន ដោយហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំឱ្យបានញឹកញាប់ និងសញ្ជឹងគិតពីបន្ទូលទាំងនោះ ត្រូវរស់នៅក្នុងជីវិតរបស់អ្នក និងធ្វើកិច្ចការរបស់អ្នកដោយផ្អែកលើព្រះបន្ទូលរបស់ខ្ញុំ។ មិនថាអ្នកនៅផ្ទះ ឬកន្លែងផ្សេងទៀតឡើយ អ្នកគួរតែអនុញ្ញាតឱ្យព្រះជាម្ចាស់ប្រើអំណាចនៅក្នុងខ្លួនឯង។ ត្រូវលះបង់សាច់ឈាម និងសភាពធម្មជាតិចេញ។ ត្រូវអនុញ្ញាតឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់មានការត្រួតត្រាលើអ្នកជានិច្ច។ មិនចាំបាច់ព្រួយបារម្ភថា ជីវិតរបស់អ្នកមិនផ្លាស់ប្តូរនោះទេ។ ពេលវេលាកន្លងទៅ អ្នកនឹងមានអារម្មណ៍ថានិស្ស័យរបស់អ្នកបានផ្លាស់ប្តូរយ៉ាងច្រើន។ ពីមុន អ្នកចង់ធ្វើជាមនុស្សខ្ពង់ខ្ពស់ អ្នកអាចមិនគោរពតាមនរណាម្នាក់ ឬមានមហិច្ឆតា រាប់ខ្លួនឯងជាសុចរិត ឬមានអំនួត។ ទាំងនេះជានិស្ស័យដែលអ្នកនឹងត្រូវកម្ចាត់ចោលជាបណ្តើរៗ។ ប្រសិនបើអ្នកចង់បោះចោលនិស្ស័យទាំងនេះក្នុងពេលនេះ នោះមិនអាចទៅរួចទេ! ដោយសារតែអត្តជាខ្លួនអ្នកពីមុន នឹងមិនអនុញ្ញាតឱ្យអ្នកដទៃប៉ះពាល់ឡើយឫសគល់របស់វាកប់ជ្រៅខ្លាំងណាស់។ ដូច្នេះអ្នកត្រូវខិតខំប្រឹងប្រែង ស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដោយវិជ្ជមាននិងសកម្ម ប្រើឆន្ទៈរបស់អ្នកដើម្បីសហការជាមួយព្រះជាម្ចាស់ ហើយសុខចិត្តអនុវត្តតាមព្រះបន្ទូលរបស់ខ្ញុំ។ ប្រសិនបើអ្នកប្រព្រឹត្ដអំពើបាប នោះព្រះជាម្ចាស់នឹងប្រៀនប្រដៅអ្នក។ នៅពេលដែលអ្នកត្រលប់ក្រោយ និងមានការយល់ដឹង នោះអ្វីៗទាំងអស់នឹងបានប្រសើរឡើងនៅក្នុងខ្លួនអ្នកមួយរំពេច។ ប្រសិនបើអ្នកនិយាយបណ្ដែតបណ្ដោយ នោះអ្នកនឹងត្រូវទទួលបានការប្រៀនប្រដៅភ្លាមៗនៅក្នុងខ្លួនអ្នក។ អ្នកឃើញថាព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងទង្វើទាំងនេះទេ ដូច្នេះបើអ្នកឈប់ភ្លាមៗ នោះអ្នកនឹងមានភាពសុខសាន្តក្នុងចិត្ត។ មានអ្នកជឿថ្មីខ្លះដែលមិនដឹងថាអារម្មណ៍នៃជីវិតនោះបែបណា ឬមិនដឹងថាត្រូវរស់នៅក្នុងអារម្មណ៍ទាំងនោះដោយរបៀបណា។ ពេលខ្លះ អ្នកងឿងឆ្ងល់ថា ទោះបីអ្នកមិនបាននិយាយអ្វីសោះ តែហេតុអ្វីបានជាអ្នកមានអារម្មណ៍មិនស្រួលក្នុងចិត្តសោះ? នៅគ្រាបែបនោះ គឺសញ្ញាណ និងគំនិតរបស់អ្នកនេះឯង ដែលមិនត្រឹមត្រូវ។ ពេលខ្លះ អ្នកមានជម្រើសផ្ទាល់ខ្លួន មានសញ្ញាណ និងទស្សនៈផ្ទាល់ខ្លួនរបស់អ្នក។ ពេលខ្លះ អ្នកចាត់ទុកអ្នកដទៃថាតូចទាបជាងខ្លួន។ ពេលខ្លះ អ្នកធ្វើការវិនិច្ឆ័យទាំងអាត្មានិយមដោយខ្លួនឯង ហើយមិនអធិស្ឋាន ឬពិនិត្យមើលខ្លួនឯង។ នេះជាមូលហេតុដែលអ្នកមានអារម្មណ៍មិនស្រួលក្នុងចិត្ត។ ប្រហែលជាអ្នកដឹងថាមានបញ្ហាអ្វី ដូច្នេះ ត្រូវហៅរកព្រះនាមរបស់ព្រះជាម្ចាស់ក្នុងដួងចិត្តរបស់អ្នក ចូលទៅជិតព្រះជាម្ចាស់ នោះអ្នកនឹងបានធូរស្បើយឡើងវិញ។ នៅពេលដែលដួងចិត្តរបស់អ្នកប្រែជាច្របូកច្របល់ និងមិនស្រួលចិត្ត ដាច់ខាត អ្នកនឹងមិនត្រូវគិតថា ព្រះជាម្ចាស់កំពុងតែអនុញ្ញាតឱ្យអ្នកនិយាយនោះទេ។ ចំពោះចំណុចនេះ អ្នកជឿថ្មីគួរតែយកចិត្តទុកដាក់ជាពិសេសក្នុងការស្ដាប់បង្គាប់តាមព្រះជាម្ចាស់។ អារម្មណ៍ដែលព្រះជាម្ចាស់ដាក់នៅខាងក្នុងខ្លួនមនុស្សគឺ ភាពសុខសាន្ត សេចក្ដីអំណរ ភាពច្បាស់លាស់ និងភាពប្រាកដប្រជា។ ជារឿយៗ មានមនុស្សដែលមិនយល់ ដែលនឹងធ្វើឱ្យមានភាពរញ៉េរញ៉ៃ និងធ្វើអ្វីតាមតែអំពើចិត្ត។ ទាំងអស់នេះគឺជាការរំខាន។ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ប្រសិនបើអ្នកងាយនឹងធ្លាក់ចូលក្នុងសភាពបែបនេះ អ្នកគួរតែប្រើ «ការចាក់វ៉ាក់សាំង» ដើម្បីទប់ស្កាត់វា។ បើមិនដូច្នោះទេ អ្នកនឹងបង្កការរំខាន ហើយព្រះជាម្ចាស់នឹងវាយប្រដៅអ្នកមិនខាន។ ចូរកុំរាប់ខ្លួនឯងជាសុចរិតឡើយ។ ត្រូវយកចំណុចខ្លាំងរបស់អ្នកដទៃមកបំពេញចំណុចខ្វះខាតរបស់ខ្លួន ត្រូវមើលពីរបៀបដែលអ្នកដទៃរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមើលថាតើជីវិត សកម្មភាព និងការនិយាយស្ដីរបស់ពួកគេ សមនឹងត្រាប់តាមដែរឬទេ។ ប្រសិនបើអ្នកចាត់ទុកអ្នកដទៃអន់ជាងខ្លួន នោះអ្នកគឺជាមនុស្សដែលរាប់ខ្លួនឯងជាសុចរិត បោកបញ្ឆោត ហើយគ្មានប្រយោជន៍ដល់នរណាម្នាក់ឡើយ។ អ្វីដែលសំខាន់នៅពេលនេះគឺត្រូវផ្តោតសំខាន់ទៅលើជីវិត ត្រូវហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំឱ្យបានច្រើន ត្រូវដកបទពិសោធពីព្រះបន្ទូលរបស់ខ្ញុំ ត្រូវស្គាល់ព្រះបន្ទូលរបស់ខ្ញុំ និងត្រូវធ្វើឱ្យព្រះបន្ទូលរបស់ខ្ញុំក្លាយជាជីវិតរបស់អ្នក។ ទាំងនេះគឺសុទ្ធតែជាចំណុចសំខាន់។ ប្រសិនបើនរណាម្នាក់មិនអាចរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ តើជីវិតរបស់ពួកគេអាចចាស់ទុំបានទេ? មិនអាចទេ។ អ្នកត្រូវតែរស់នៅតាមព្រះបន្ទូលរបស់ខ្ញុំគ្រប់ពេលវេលា និងយកព្រះបន្ទូលរបស់ខ្ញុំធ្វើជាក្រមប្រតិបត្តិសម្រាប់ជីវិត ដើម្បីឱ្យអ្នកនឹងមានអារម្មណ៍ថា ការប្រតិបត្តិតាមក្រមនោះគឺជារឿងដែលព្រះជាម្ចាស់ពេញព្រះទ័យ ហើយការប្រព្រឹត្តផ្សេងពីនោះ គឺជារឿងដែលព្រះជាម្ចាស់ស្អប់ ហើយបន្តិចម្តងៗ អ្នកនឹងបានដើរលើផ្លូវត្រូវ។ អ្នកត្រូវតែដឹងថាអ្វីមកពីព្រះជាម្ចាស់ និងអ្វីមកពីសាតាំង។ អ្វីដែលមកពីព្រះជាម្ចាស់ ផ្តល់ឱ្យអ្នកនូវនិមិត្តកាន់តែច្បាស់ និងនាំឱ្យចូលកាន់តែជិតព្រះជាម្ចាស់។ អ្នកចែករំលែកក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រជាមួយបងប្អូនប្រុសស្រី អ្នកមានសមត្ថភាពបង្ហាញពីការគិតគូរដល់បន្ទុករបស់ព្រះជាម្ចាស់ និងមានដួងចិត្តស្រឡាញ់ព្រះជាម្ចាស់ដែលមិនចេះសាបសូន្យឡើយ។ នៅខាងមុខ មានផ្លូវមួយសម្រាប់អ្នកដើរ។ អ្វីដែលមកពីសាតាំងធ្វើឱ្យនិមិត្តបាត់បង់ទៅជាមួយអ្នកដែរ និងធ្វើឱ្យអ្នកបាត់បង់អ្វីៗទាំងអស់ដែលអ្នកធ្លាប់មានពីមុនមក។ អ្នកបានឃ្លាតឆ្ងាយពីព្រះជាម្ចាស់ អ្នកគ្មានក្តីស្រឡាញ់ចំពោះបងប្អូនប្រុសស្រីឡើយ ហើយអ្នកមានចិត្តពោរពេញទៅដោយការស្អប់។ អ្នកក្លាយជាមនុស្សអស់សង្ឃឹម អ្នកលែងមានបំណងចង់រស់នៅក្នុងជីវិតជាពួកជុំនុំ ហើយដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់របស់អ្នកមិនមានទៀតទេ។ នេះជាកិច្ចការរបស់សាតាំង ហើយក៏ជាលទ្ធផលនៃកិច្ចការរបស់ពួកវិញ្ញាណអាក្រក់ផងដែរ។

ឥឡូវនេះ គឺជាពេលវេលាដ៏សំខាន់មួយ។ អ្នកត្រូវតែប្រកាន់ខ្ជាប់តួនាទីរបស់អ្នករហូតដល់ទីបំផុត ត្រូវសំលៀងភ្នែកនៃវិញ្ញាណរបស់អ្នកឱ្យមុតដើម្បីញែកអ្វីល្អចេញពីអ្វីអាក្រក់ ហើយខិតខំប្រឹងប្រែងឱ្យខ្លាំងក្លាដើម្បីកសាងក្រុមជុំនុំ។ ត្រូវគេចចេញពីបាវបម្រើរបស់សាតាំង ពីការរំខានខាងសាសនា និងកិច្ចការរបស់ពួកវិញ្ញាណអាក្រក់។ ត្រូវធ្វើឱ្យពួកជុំនុំបានបរិសុទ្ធឡើង ត្រូវធ្វើឱ្យបំណងព្រះហឫទ័យរបស់ខ្ញុំអនុវត្តទៅដោយគ្មានការបង្អាក់ ហើយពិតណាស់ ក្នុងពេលដ៏ខ្លីនេះ មុនគ្រោះមហន្តរាយមកដល់ ខ្ញុំនឹងប្រោសឱ្យអ្នករាល់គ្នាបានពេញខ្នាតឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយនាំអ្នករាល់គ្នាចូលទៅក្នុងសិរីល្អ។

ខាង​ដើម៖ ជំពូកទី ២១

បន្ទាប់៖ ជំពូកទី ២៣

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ